ទំព័រមុខ » News » ព័ត៌មានប្រចាំថ្ងៃ » លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី ៖ សមាជិកសភាស្រ្តីត្រូវតែបម្រើផលប្រយោជន៍ស្រ្តី និងកុមារ ពិសេសជំរុញសមភាពយេនឌ័រ
លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី ៖ សមាជិកសភាស្រ្តីត្រូវតែបម្រើផលប្រយោជន៍ស្រ្តី និងកុមារ ពិសេសជំរុញសមភាពយេនឌ័រ
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (8/12/2019 7:03:43 PM )

លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា និងជាប្រធានក្រុមសភាជាតិកម្ពុជា នៃអ្នកនយោបាយសភាស្រ្តី បានលើក ឡើងថា ក្នុងនាមសមាជិកសភាស្រ្តី ត្រូវតែធ្វើការងារគាំទ្រដល់សកម្មភាពទាំងឡាយណាដែលការពារផលប្រយោជន៍ដល់ស្រ្តី កុមារ និងក្រុមមនុស្ស ងាយរងគ្រោះ។ លោកជំទាវបានបញ្ជាក់ថា ការលើកកម្ពស់សមភាព យេនឌ័រ មានន័យថា ការលើកកម្ពស់តម្លៃបុរស និងស្រ្តី ឲ្យមានសិទ្ធិស្មើគ្នា មានឱកាសដូចគ្នា និងកាតព្វកិច្ចរួមគ្នា។ ប្រទេសមួយមានការរីកចម្រើនផ្តើមចេញពីគ្រប់កោសិកាសង្គមចូលរួម ដោយមិនប្រកាន់ពីពូជសាសន៍ ពណ៌សម្បុរ ភេទ អាយុ ស្ថានភាព និងនិន្នាការនយោបាយឡើយ។

អនុប្រធានទី២នៃរដ្ឋសភា បានលើកឡើងបែបនេះ នៅក្នុងកិច្ចប្រជុំមួយ ដែលធ្វើឡើងនៅវិមានរដ្ឋសភា នារសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩ ជាមួយសមាជិកសភាជាស្រ្តី ដើម្បីពិភាក្សាលើការងាររបស់ក្រុមសភាជាតិកម្ពុជា នៃអ្នកនយោបាយសភាស្រ្តី ដោយក្នុងនោះបានពិនិត្យសេចក្តីសម្រេច ស្តីពីតួនាទី និងភារកិច្ចរបស់ក្រុមសភាជាតិកម្ពុជា នៃអ្នកនយោបាយសភាស្ត្រី និងផែនការសកម្មភាព និងទិសដៅបន្តរបស់ក្រុមសភាជាតិកម្ពុជា នៃអ្នកនយោបាយសភាស្រ្តី។

រដ្ឋសភាកម្ពុជា បានបង្កើតក្រុមសភាជាតិកម្ពុជា នៃអ្នកនយោបាយសភាស្ត្រី ដែលមានឈ្មោះជាសាភាអង់គ្លេសថា (Cambodian Women Parliamentarian Caucus) សរសេរកាត់ថា “កសកនស” និងជាភាសាអង់គ្លេស (CPWC) ដើម្បីជាសេនាធិការរបស់រដ្ឋសភា ក្នុងការអនុវត្តគោល- នយោបាយសមភាពយេនឌ័រ និងផ្តល់ភាពអង់អាចដល់ស្រ្តី ចូលរួមក្នុងវិស័យនយោបាយ និងសកម្មភាពសង្គមគ្រប់កម្រិត។ ក្រុមសភាជាតិកម្ពុជា នៃអ្នកនយោបាយសភាស្រ្តី តែងតែចូលរួមផ្តួចផ្តើមគំនិតក្នុងការតាក់តែងច្បាប់ វិសោធនកម្មច្បាប់ ដោយបានធ្វើការផ្តល់យោបល់ រួមជាមួយផ្តល់ជូន នូវអនុសាសន៍ សំដៅធ្វើឲ្យប្រសើរឡើង នូវស្ថានភាពស្ត្រី និងកុមារ និងបានឃ្លាំមើលជាប្រចាំលើការអនុវត្តច្បាប់ យុទ្ធសាស្រ្ត កម្មវិធីនយោបាយ និងបទដ្ឋានគតិយុទ្ធ។

សូមជម្រាបថា សមាជិករដ្ឋសភាជាស្រ្តី នៅក្នុងនីតិកាលទី៦នេះ មានចំនួន២៦រូប ស្មើនឹង២០.៨០% នៃចំនួនសមាជិករដ្ឋសភាចំនួន១២៥រូប។ សមាជិករដ្ឋសភាជាស្រ្តី ជាសមាជិកក្រុមសភាជាតិកម្ពុជា នៃអ្នកនយោបាយសភាស្រ្តី។ លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី បានមាន​ប្រសាសន៍ថា បន្ថែមពីការជំរុញ និងលើកកម្ពស់តម្លៃស្រ្តីនៅប្រទេសសមាជិកសភាកម្ពុជាជាស្រ្តី បានចូលរួមការងារលើកកម្ពស់ស្រ្តី និងកុមារ តាមរយៈ វេទិកាអន្តរជាតិសភាផងដែរ។

លោកជំទាវ ប្រធានក្រុមសភាជាតិកម្ពុជា នៃអ្នកនយោបាយស្រ្តី ឲ្យដឹងថា នៅក្នុងឆ្នាំ២០១៩ សភាកម្ពុជាបានធ្វើជាម្ចាស់ផ្ទះជាលើកដំបូងក្នុង ប្រវត្តិសាស្រ្តសម្រាប់កិច្ចប្រជុំសមាជិកសភាស្រ្តី នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក លើកទី២៧ ហៅកាត់ថា (APPF-27) ដែលជាព្រឹត្តិការណ៍សំខាន់ ក្នុងការជំរុញ និងលើកកម្ពស់តម្លៃស្រ្តី។ ជាមួយគ្នានេះ សមាជិកសភាស្រ្តី បានអញ្ជើញឲ្យចូលរួមក្នុងវេទិកាអន្តរជាតិផ្សេងទៀត មានដូចជា សន្និសីទពិភពលោកនៃសមាជិកសភាស្រ្តី នៅចក្រភពអង់គ្លេស។  កិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ នៃសភានិយាយភាសាបារាំង នៅប្រទេស ប៊ែលហ្សិក។ កិច្ចប្រជុំពិភពលោក នៅសាធារណរដ្ឋកូរ៉េ ដែលមានប្រធានបទស្តីពី “សន្តិភាពសន្តិសុខ និងការអភិវឌ្ឍធនធានមនុស្ស”។ កិច្ចប្រជុំរវាង អាស៊ាន និងអន្តរសភាអាស៊ាន (អាយប៉ា) (ASEAN-AIPA Interface) កាលពីពេលថ្មីៗនេះ នៅប្រទេសថៃ និងកិច្ចប្រជុំកំពូលអ្នកនយោបាយស្រ្តី ឆ្នាំ២០១៩ នៅប្រទេសជប៉ុន ជាដើម។

ជាមួយការកោតសរសើរចំពោះការលះបង់ និងកិច្ចខិតខំប្រឹងប្រែងរបស់សមាជិកសភាស្រ្តីកម្ពុជា លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី បានជំរុញដល់សមាជិកក្រុមសភាជាតិកម្ពុជា នៃអ្នកនយោបាយសភាស្រ្តី បន្តបេសកកម្មរបស់ខ្លួនបន្ថែមទៀត។ បេសកកម្មរបស់សមាជិកសភាស្រ្តី បានដើរទន្ទឹមគ្នានឹងកិច្ចប្រឹងប្រែង និងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការឈានទៅសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព នៃរបៀបវារៈឆ្នាំ២០៣០ “គ្មាននរណាម្នាក់ត្រូវបានបំភ្លេចចោល”  ដែលមានគោលនយោបាយគន្លឹះ ដូចជា ការគាំពារដល់ពលរដ្ឋផ្នែកសង្គម សេដ្ឋកិច្ច សុខាភិបាល ពិសេសការផ្តល់សេវាថែទាំសុខភាពឥតគិតថ្លៃដល់ពលរដ្ឋក្រីក្រ ការផ្តល់ប្រាក់ឧបត្ថម្ភដល់ស្រ្តីសម្រាលកូន ស្រ្តីមានផ្ទៃពោះ និងកុមារ អាយុក្រោម២ឆ្នាំ នៃគ្រួសារក្រីក្រ រួមនឹងការដោះស្រាយបញ្ហារបស់មនុស្សវ័យចាស់ ជាដើម៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន